
បច្ចុប្បន្ននេះនិស្សិតជាច្រើនរូបបានឆ្លៀតពេលទំនេរពីការសិក្សារបស់ពួកគេដើម្បីធ្វើការរកចំណូលផ្គត់ផ្គង់ខ្លួនឯងជាជាងចាយលុយឪពុកម្ដាយ ហើយអ្នកខ្លះក៏ចង់សន្សំលុយដើម្បីសម្រេចក្ដីសុបិនផ្សេងៗរបស់ខ្លួន មិនថារៀនបន្ត ទិញរបស់ដែលខ្លួនចង់បាន ឬទៅដើរកម្សាន្តនៅទីកន្លែងក្នុងក្ដីស្រមៃ ។ ដូច្នេះហើយថ្ងៃនេះ Amapapa Me សូមណែនាំការងារក្រៅម៉ោងចំនួន ៥ប្រភេទដែលអ្នកអាចធ្វើបាននៅពេលកំពុងសិក្សា ចង់ដឹងថាមានអាជីពអ្វីខ្លះ មានតែតាមដានទាំងអស់គ្នាតែម្ដង៖
១. ជាគ្រូបង្រៀនពិសេស
ធ្វើគ្រូបង្រៀនក្រៅម៉ោង ឬតាមផ្ទះគឺជាការងារដែលគ្រប់គ្នាអាចធ្វើបាន ប្រសិនបើអ្នកមានមុខវិជ្ជាណាមួយដែលគិតថាខ្លួនឯងពូកែជាពិសេស មិនថាការបង្រៀនភាសា បង្រៀនមុខវិជ្ជាផ្សេងៗសម្រាប់សិស្សវិទ្យាល័យ បង្រៀនគូររូប ឬបង្រៀនលេងតន្ត្រីជាដើម។ ប្រសិនបើគិតថាខ្លួនមិនទាន់មានបទពិសោធន៍មិនហ៊ានបង្រៀន អ្នកអាចរកមើលវគ្គគរុកោសល្យខ្លីៗរៀនសិនបាននៅតាមសាលារៀនឯកជន ឬអង្គការនានា ឬអាចស្រាវជ្រាវតិចនិកផ្សេងៗលើអ៊ីនធឺណិតមកជាជំនួយសម្រាប់ការបង្រៀនរបស់យើងបាន។

២.ជាអ្នកសរសេរប្លុក ឬវេបសាយ
សម្រាប់អ្នកមានជំនាញក្នុងការសរសេរអាចទាក់ទាញចិត្តអ្នកអានបាន យើងសូមណែនាំ អាជីពអ្នកនិពន្ធ ឬសរសេរអត្ថបទសម្រាប់វេបសាយនានាដែលទទួលយកអ្នកសរសេរឯករាជ្យ ឬក្រៅម៉ោង ពុំដូច្នេះទេអ្នកអាចបង្កើតប្លុកសរសេរបង្ហោះដោយខ្លួនឯងតែម្ដង ដោយអាចរកលុយពី Advertisement នានាពី Google, ឬ Facebook ជាដើម។ ប្រភេទអត្ថបទដែលអ្នកអាចជ្រើសរើសសរសេរបានអាចជាអត្ថបទ Fashion អាហារ សុខភាព Lifestyle ការធ្វើជំនួញ ឬបច្ចេកវិទ្យាជាដើម ៕

៣.ធ្វើអាហារ ឬធ្វើនំលក់
សម្រាប់យុវវ័យដែលស្រឡាញ់ការធ្វើម្ហូបអាហារ ឬនំ បង្អែមផ្សេងៗ និងមានស្នាដៃផ្សំគ្រឿងល្មមត្រូវមាត់អ្នកញ៉ាំបាន អាជីពនេះគឺសក្ដិសមខ្លាំងតែម្ដង។ អាចធ្វើជាបាយប្រអប់ បង្អែម ឬនំ Cake/Bakery ផ្សេងៗទៅតាមជំនាញរបស់ខ្លួន។ សួរថាធ្វើហើយយកទៅលក់ឯណា? សម័យនេះអ្នកអាចប្រើបណ្ដាញសង្គមបានដើម្បីប្រូម៉ូតស្នាដៃរបស់ខ្លួន បើអ្នកណាចាប់អារម្មណ៍អាចកុម្ម៉ង់យើងផ្ទាល់បាន មិនអីចឹងទេអាចប្រើវិធីទាក់ទងហាងផ្សេងៗឲ្យយកនំរបស់យើងទៅលក់ ដោយយើងបែងចែកភាគរយ ឬថ្លៃជួលហាងទៅតាមការស្រុះស្រួលគ្នា។ បើស្នាដៃយើងល្អ នោះនំរបស់យើងនឹងលក់បានច្រើនតាមនោះដែរ។

៤.ផ្នែកសេវាកម្ម
ការងារក្រៅម៉ោងផ្នែកបម្រើសេវាកម្មគឺជាជម្រើសដ៏ពេញនិយមសម្រាប់និស្សិត ដែលគុណសម្បត្តិរបស់ការងារនេះគឺម៉ោងការងារមានលក្ខណៈ Flexible ច្រើនដែលយើងអាចជ្រើសរើសពេលវេលាធ្វើការដោយខ្លួនឯងបាន ហើយក៏ជាការងារដែលអាចឲ្យអ្នកស៊ាំនឹងភាពអត់ធ្មត់ និងជំនាញធ្វើការជាមួយអតិថិជន។ ការងារក្រៅម៉ោងទាំងនេះអ្នកអាចស្វែងរកបានតាំងពីនៅភោជនីយដ្ឋាន ហាងលក់ទំនិញ លក់គ្រឿងសម្អាង ឬហាងលក់សំលៀកបំពាក់ផ្សេងៗជាដើម។

៥. លក់អីវ៉ាន់អនឡាញ
Shopping Online ជាអ្វីដែលនារីៗបច្ចុប្បន្នចូលចិត្តមែនអត់? អីចឹងបើយើងអាចវិវត្តខ្លួនពីអ្នកទិញ មកធ្វើជាអ្នកលក់វិញគឺកាន់តែល្អ។ អ្នកចង់លក់ទំនិញអនឡាញ ត្រូវចាប់ផ្ដើមដោយការរកមើលផលិតផលដែលខ្លួនឯងពេញចិត្ត ឬចាប់អារម្មណ៍ដើម្បីយកមកលក់ ព្រោះអ្វីដែលយើងចូលចិត្ត យើងនឹងអាចយល់ពីវាច្រើន និងធ្វើឲ្យយើងមានការតាំងចិត្ត ក៏ដូចជាផ្ដល់ព័ត៌មានលម្អិតឲ្យអតិថិជនបានច្រើនតាមនោះដែរ។ បើសិនរកនឹកមិនឃើញថាខ្លួនចូលចិត្តអ្វីជាពិសេសទេ អាចដាក់លក់ផលិតផលដែលមនុស្សទូទៅប្រើប្រាស់ក្នុងជីវិតប្រចាំថ្ងៃ ដូចជា គ្រឿងសម្អាង សំលៀកបំពាក់ ផលិតផលថែសម្រស់ជាដើម។

COMMENTS